ភ្នំពេញ ជនសង្ស័យចំនួន២ នាក់បានជិះម៉ូតូមួយគ្រឿងចូលទៅលួចIDប៉ូលីសដល់ក្នុងប៉ុស្តិ៍ប្រចាំការ ២៤ ម៉ោង បានសម្រេចនិងប៉ុនប៉ងលួចម៉ូតូមួយគ្រឿងទៀតត្រូវប៉ូលីសឃើញទាន់ស្រែកឆោឡោឡើងនាំគ្នាដេញចាប់វាយខ្មោះបានភ្លាមៗនិងរកឃើញថ្នាំញៀន១កញ្ចប់ធំបន្ថែមទៀត។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១ និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែមីនាឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍ប្រចាំការ ២៤ ម៉ោងតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញជនសង្ស័យចំនួន២ នាក់ជិះម៉ូតូធុនធំមួយគ្រឿងម៉ាក អឹមផ្លាស ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល 1Z-0318បានជិះមកឈប់ក្បែរប៉ុស្តិ៍ រួចបក្ខពួកម្នាក់បានដើរចូលទៅក្នុងប៉ុស្តិ៍ចំណែកម្នាក់ទៀតអង្គុយលើម៉ូតូចាំនៅខាងក្រៅប៉ុស្តិ៍ រួចបានធ្វើសកម្មភាពលួចIDមួយគ្រឿងបានសម្រេច រួចដើរចេញមកក្រៅវិញ ប៉ងលួចម៉ូតូមួយគ្រឿងទៀតដែលដាក់នៅជាប់នឹងប៉ុស្តិ៍ ខណៈនោះសមត្ថកិច្ចក៏ឃើញក៍ស្រែកសួរនាំស្រាប់តែជនសង្ស័យមិនឆ្លើយតបទេ បែជាភ័យស្លន់ស្លោនាំគ្នាឡើងម៉ូតូជិះគេចខ្លួនភ្លាមៗ ភ្លាមនោះដែរកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍នាំគ្នាដេញចាប់ជនសង្ស័យនឹងបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក នាំគ្នាដេញប្រភិតប្រភីងរហូតដល់ផ្លូវ ៥៦៦ កែងនឹង ៣១៣ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទើបសមត្ថកិច្ចព័ទ្ធចាប់បានជនសង្ស័យនិងវាយខ្នោះភ្លាមៗរួចសមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់ធំនៅជាប់ខ្លួនជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យចំនួន២ នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសួរនាំបន្តនិងចាត់ការទៅតាមនីតិវិធីច្បាប់៕





