សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ពាក់ព័ន្ធករណីឆរបោកក្រោមរូបភាពផ្ញើរលុយ ឬសម្ភារៈមានតម្លៃមកពីក្រៅប្រទេស...
ចេញផ្សាយ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២
ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី០២នាក់ ពាក់ព័ន្ធករណីឆរបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារៈមានតម្លៃមកពីក្រៅប្រទេស ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ និងពាក្យបណ្ដឹងរបស់ពលរដ្ឋរងគ្រោះ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ។
ក្នុងប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង០៤ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចនៅទីតាំងវីង មួយកន្លែង កំពុងធ្វើសកម្មភាពដកលុយ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យដែលបានឃាត់ខ្លួន មាន
១ ៖ ឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិ កូដូវ័រ
២ ៖ ឈ្មោះ ដូង ធារី ភេទស្រី ជនជាតិ ខ្មែរ។
ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ASIA ភេទប្រុស ជនជាតិ វ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះតាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះថាខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឲ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ បន្ទាប់មកឈ្មោះ ASIA បានផ្ញើលេខទូរសព្ទ័របស់ជនរងគ្រោះឲ្យទៅឈ្មោះ N’ CHO MARCEL ហើយឲ្យស្រ្តីម្នាក់ដើរតួជា គយ បង្គាប់ឲ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធដើម្បីយកទំនិញនោះចេញ។
សូមបញ្ជាក់ កាលពីថ្ងៃទីអំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថាខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើរប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់ប្រាក់ខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន USD ១៧,៥០០$ (មួយម៉ឺនប្រាំពីរពាន់ប្រាំរយដុល្លា)តាមរយៈវីងលេខទូរស័ព្ទ ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆរបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុបជាង៩ពាន់ដុល្លារ។ ប៉ុន្តែក្រោយពីផ្ញើរប្រាក់រួចជនរងគ្រោះទាក់ទងលែងបាន ចំណែកគណនីហ្វេកបុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថាចាញ់បោកគេហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើរប្រាក់បន្ថែម៥០០០$ ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើរប្រាក់ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។







