ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែបន្តដំណើរបានដោយរលូន នៅតាមបណ្តោយផ្លូវ២០០៤ ខណ្ឌពោធិ៍សែនជ័យ ដោយមិនខ្លាចញញើតនៅការបង្ក្រាបពីសំណាក់អភិបាលខណ្ឌទើបឡើងថ្មីទាល់តែសោះ....
ភ្នំពេញ ÷ ទីតាំងល្បែងស៊ីសងខុសច្បាប់ ចាក់បាល់ ភ្នាល់បៀ មាន់ជល់ និងអាប៉ោង តាមអនឡាញ ដ៏ធំ នៅតែអាចបន្តបើកដំណើរការបានដោយរលូន នៅផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅជាប់ខារ៉ាអូខេមួយកន្លែង យីហោ រស្មីពោធិ៍ចិនតុង។មតិប្រជាពលរដ្ឋបានលើកឡើងថាល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះហើយ ដែលជាដើមចម បង្កអោយមានបទល្មើសនានា ដូចជា ករណី ចោរលួច ឆក់ ប្លន់ អំពើហិង្សា អំពើពុករលួយ សកម្មភាពទាំងនេះហើយដែលបង្កអោយមាន ភាពអសន្តិសុខដល់ប្រជាពលរដ្ឋទូទៅ។
តាមរយៈអ្នកសារព័ត៌មានលោកបានសំណូមពរអោយជួយផ្សព្វផ្សាយអោយបានខ្លាំងដើម្បីនាំដំណឹងនេះជូនថ្នាក់ដឹកនាំខាងលើដើម្បីលោកបានជ្រាបពីរសមត្ថភាពដឹកនាំរបស់មន្ត្រីគ្រប់គ្រងមូលដ្ឋានថ្នាក់ក្រោមជាតិ។ ក្នុងនោះផងដែរប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមថា លោកមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបង្កើនឲ្យមានបទល្មើសយ៉ាងដូច្នេះ។
ហើយក៏បានស្នើសុំឲ្យអភិបាលខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធិ ដែលទើបតែឡើងមកកាន់ដំណែងថ្មីៗ សូមជួយដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។
គួររំលឹកផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច គឺត្រូវតែបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
ក្រុមការងារសារព័ត៌មាន( ព្រុំ សុជា ហតញូស៍)រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕







