ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់និងរងរបួសធ្ងន់ស្រាល៣នាក់ ស្រុកសំរោងទង នៅកំពង់ស្ពឺ
កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់មនុស្សម្នាក់និងរងរបួសធ្ងន់ស្រាលបីនាក់។ ហេតុការណ៍នេះកើតឡើង នៅលើផ្លូវលេខ១៣០ត្រង់ចំណុចភូមិព្រៃសាលា ឃុំរលាំងគ្រេីល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២។នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ១Q.៤៨៦៧ បើកបរដោយឈ្មោះ ឡុក រះ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអ្នកជិះជាមួយឈ្មោះ ឡុក សារ៉េម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជាមួយគ្នា បើកបរពីកើតទៅលិច លុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាអុិចអ៊ែរ ពណ៌ក្រហម សេរី២០០៧ ពាក់ស្លាកលេខ ភ្នំពេញ ១JN-១៩៩៧អ្នកបើកបរឈ្មោះ ឈួន គឹមឈុន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នករួមដំណើរឈ្មោះ ជា លក្ខិណា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ដែលកំពុងបើកបរ បញ្ច្រាសទិសគ្នា ពេញទំហឹងបណ្តាលឲ្យឈ្មោះឈួន គឹមឈុន ស្លាប់ភ្លាមៗនិងបីនាក់ទៀតរងរបួសធ្ងន់ស្រាល។
ក្រោយពីកើតហេតុអ្នករងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំពោះសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំងពីរគ្រឿងខាងលើបានយកមករក្សាទុកនៅប៉ុស្តិ៍រលាំងគ្រើលរងចាំដោះស្រាយពេលក្រោយ៕





