ខេត្តត្បូងឃ្មុំ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឈ្មោះ លឹម និងឈ្មោះ វ៉ា មេល្បែងស៊ីសងប្រចាំកាស៊ីណូគ្មានស្លាកយីហោ នៅច្រកដា ហៅច្រកដូង7ដើម បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ អាប៉ោង បៀ យូគី និងល្បែងផ្សេងៗទៀតយ៉ាងពេញទំហឹង។
ប្រភពបានឲ្យដឹងទៀតថា រយៈពេល២ខែចុងក្រោយនេះ មានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីសម្រុកចូលលេងល្បែងក្នុងកាស៊ីណូ របស់ឈ្មោះ លឹម និងឈ្មោះ វ៉ា កាន់តែច្រើនឡើងៗ ព្រោះមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុក មិនហ៊ានទៅក្បែរកាស៊ីណូនោះទេ។ រីឯលោក ម៉ុន មាគា័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បណ្ដោយឲ្យឈ្មោះ លឹម និងឈ្មោះ វ៉ា ប្រព្រឹត្តបំពានច្បាប់តាមអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា មេល្បែងស៊ីសងប្រចាំកាស៊ីណូគ្មានស្លាកយីហោ (ពីមុនយីហោ៦៩) មានខ្នងបង្អែករឹងមាំទើបហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន។
ប្រភពខ្លះបានបង្ហើបឲ្យដឹងថា មានមន្រ្តីធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ទទួលបានផលប្រយោជន៍ពីមេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា ទើបបុគ្គលទាំង2នាក់នេះហ៊ានប្រព្រឹត្តបំពានច្បាប់យ៉ាងកំរោល។ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺឈ្មោះ លឹម និងឈ្មោះ វ៉ា មិនហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូគ្មានច្បាប់ របស់ខ្លួនយ៉ាងគគ្រឹកគគ្រេងឡើយ។
ប្រជាពលរដ្ឋក្នុងឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ភាពមិនប្រក្រតីដែលកើតមាននៅក្នុងកាស៊ីណូច្រកដូង7ដើម ជាបន្ទាន់ផង។
ដោយហេតុថា នៅពេលដែលល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល គឺនៅក្នុងទឹកដីឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាចថែមទៀតផង។ ប៉ុន្តែលោក ម៉ុន មាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បែរជាបណ្ដោយឲ្យមេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា ធ្វើអ្វីៗស្រេចតែអំពើចិត្តមិនបានចាត់វិធានការទប់ស្កាត់ឡើយ។
ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងនិងល្បែងជាច្រើនប្រភេទទៀតដែលបើកភ្នាល់លេងរៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេ។
ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។







