លោក Argenis Angulo ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ ពិភពលោក បានកោតសរសើរចំពោះសកម្មភាពរបស់ ស.ស.យ.ក. ក្នុងការរួមចំណែកក្នុងកិច្ចការងារសង្គម ជាច្រើន និងបានថ្លែងអំណរគុណចំពោះ ស.ស.យ.ក. ដែលតែងគាំទ្រសកម្មភាពរបស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និង បានស្នើសុំកិច្ចសហការគាំទ្រ ពី ស.ស.យ.ក. ក្នុងការរៀបចំ JCI Asia-Pacific Conference នៅឆ្នាំ២០២៤ នៅខេត្តសៀមរាប ។
ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ចំពោះកិច្ចសហការ និងទំនាក់ទំនងល្អរវាង ស.ស.យ.ក. និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដោយនាពេលកន្លងមកបានជួយគាំទ្រគ្នាទៅវិញទៅមកចំពោះសកម្មភាពនានាឈរលើស្មារតី និងមូលដ្ឋាននៃការទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក។ បន្ថែមពីនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងការដឹកនាំកិច្ចការងារសង្គម ជាពិសេសការដឹកនាំស្ថាប័ន ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យសង្គមជាតិមានភាពរីកចម្រើនជាវិជ្ជមាន។











