នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ដែលវាយប្រពន្ធរបួសពេញខ្លួន
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ២ ដែលវាយប្រពន្ធឲ្យរបួសពេញខ្លួន។យ៉ាងណាលោកឧត្តមសេនីយ៍ឯក មិនទាន់អាចជម្រាបជូន នូវចំណាត់ការយ៉ាងណាលើមន្ត្រីនគរបាលនោះទេ ដោយលោកបញ្ជាក់ថានឹងជូនព័ត៌មានលម្អិត បន្ទាប់ពីបានចាត់ការលើករណីនោះរួចរាល់។
សូមជម្រាបថា ករណីអំពើហិង្សា ប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ២ វាយប្រពន្ធខ្លួនឯងឲ្យរបួសធ្ងន់ ត្រូវបានស្ត្រីរងគ្រោះបង្ហោះតាមបណ្តាញសង្គម Facebook ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ស្ត្រីជាប្រពន្ធឈ្មោះ Nhoem Sokleng បានបង្ហោះថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃ ប្រើអំពើហិង្សា គំរាមកំហែងបាញ់សម្លាប់ និងប្រើពាក្យសំដីដៀល ជេប្រមាថ។ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផង៕



