ទីតាំងបើកលេងល្បែង«ភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើនតាមប្រព័ន្ធអនឡាញ ប្រភេទ«កាស៊ីណូ » បើកដំណើរការឡើងវិញហើយក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក?
ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេតភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើនតាមប្រព័ន្ធអនឡាញ ប្រភេទ«កាស៊ីណូ »នៅខាងក្រោយផ្សារដេប៉ូ ១កន្លែងបើកដំណើរការយ៉ាងរលូនវិញហើយ ដោយផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងមិនរំខានដល់សមត្ថកិច្ច សង្ស័យម្ចាស់ទីតាំងសែនព្រេនត្រូវហើយមើលទៅ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងនេះស្ថិតនៅផ្ទះលេខ៣៧បេ ផ្លូវលេខ១៥៦ ខាងក្រោយផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះតើ ”លោកនាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២” មកពីមិនដឹង ទើបមិនបង្ក្រាប រឺមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ រឺក៏ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង និងអាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំនូមពរដល់លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោក សុឹម ពិសិដ្ធ អធិការនគរបាលខណ្ឌទួលគោក គួរមានវិធានការចំពោះទីតាំងនេះផង។
គួររំលឹកថា កន្លងមកលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា និងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
នាពេលថ្មីៗកន្លងមកនេះប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។
ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខសណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕






