សម្តេចក្រឡាហោម ស ខេង ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទជូនប្រជាពលរដ្ឋ សំដៅលើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ និងជួយផ្តល់អោយ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រស់នៅមានអនាម័យល្អ
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទជូនប្រជាពលរដ្ឋ សំដៅលើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ និងជួយផ្តល់អោយ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រស់នៅមានអនាម័យល្អ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។ មានប្រសាសន៍បែបនេះគឺនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅស្ថានីយ៍ទឹកស្អាត ឃុំក្របៅ ឃុំជាច រួមទាំងផ្លូវចាក់បេតុង ឃុំក្របៅ និងសមិទ្ធផលនានា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ថ្លែងក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយ តម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំចាយមារ និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់ កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យទឹកស្អាត និងវិស័យផ្សេងៗ ជាច្រើនទៀត សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានអនាម័យល្អ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកអភិវឌ្ឍមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង កាន់តែប្រសើឡើងនេះ។
សម្តេចក្រឡាហោម បានមានប្រសាសន៍ ណែនាំដល់អាជ្ញាធរ ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើក កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុង គ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។
លោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកំចាយមារ បានរាយការណ៍ថា សមិទ្ធផលដែល សម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ រួមមាន៖
ស្ថានីយ៍ទឹកស្អាត ចំនួន ០២កន្លែង ៖
១.ស្ថានីយ៍ទឹកស្អាតឃុំក្របៅ សាងសង់អស់ថវិកា ១.៣៤៣.១៣៨,៩៧ ដុល្លារ (មួយលាន សាមសិបបួនម៉ឺន បីពាន់ មួយរយសាមសិប ប្រាំបី ដុល្លារ និងកៅសិបប្រាំពីរសេន) ។
២.ស្ថានីយទឹកស្អាតឃុំជាច សាងសង់អស់ថវិកា ៧៦១,៩២៨,៣៧ដុល្លារ (ចិតសិបប្រាំមួយម៉ឺន មួយពាន់ ប្រាំបួនរយម្ភៃប្រាំបី ដុល្លារ និងសាមសិបប្រាំពីរសេន) ការចំណាយថវិការការសាងសង់ស្ថានីយ៍ទឹកស្អាត ទាំងពីរឃុំនេះ ជាថវិកា ផ្ទាល់ ខ្លួន របស់ សម្ដេចក្រឡាហោម និងលោកជំទាវ។ ផ្លូវបេតុងចំនួន ១៣ ខ្សែ មានប្រវែងសរុប ១៥.៨៨៨ ម៉ែត្រ ក្នុងឃុំក្របៅ ក្រោមការឧបត្ថម្ភថវិកា របស់សម្ដេចក្រឡាហោម និងលោកជំទាវ រួមទាំងអគារ សាលាបឋមសិក្សា អគារមត្តេយ្យសិក្សា ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត៕
![]() |














