ចិនជំរុញឱ្យសម្ព័ន្ធ AUKUS បញ្ឈប់ការជំរុញលើកិច្ចសហប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចិន៖ ក្រសួងការបរទេសចិន នៅថ្ងៃពុធសប្តាហ៍នេះ បានលើកឡើងថា សម្ព័ន្ធអូគូស (AUKUS) រួមមាន សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី គួរតែបញ្ឈប់រាល់ការជំរុញចំពោះកិច្ចសហប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ រហូតទាល់តែសហគមន៍អន្តរជាតិឈានដល់ការសន្និដ្ឋានដ៏ច្បាស់លាស់មួយ ។
បន្ថែមពីនេះ ប្រទេសចិន បានលើកឡើងថា បេសកកម្មអចិន្ត្រៃយ៍របស់ចិននៅឯមជ្ឈមណ្ឌលទីក្រុងវីយែន (Vienna) បានរៀបចំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ រវាងអាម៉េរិក-អង់គ្លេស-អូស្ត្រាលី ដោយនិយាយថា កិច្ចសហប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងប្រទេសទាំងបី នឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ។
គួររំឮកថា សម្ព័ន្ធភាពអូគូស (AUKUS) គឺជាកតិកាសញ្ញាសន្តិសុខត្រីភាគី រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ដែលបានចុះហត្ថលេខានៅឆ្នាំ ២០២១ ។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វីនប៊ីន (Wang Wenbin) បាននិយាយថា "វានឹងបង្កើតឱ្យមានហានិភ័យយ៉ាងធំធេង ពាក់ព័ន្ធនឹងការរីកសាយភាយនុយក្លេអ៊ែរ និងមានឥទ្ធិពលអវិជ្ជមានជាខ្លាំងដល់ដំណោះស្រាយលើបញ្ហានុយក្លេអ៊ែរនៅក្នុងតំបន់ផ្សេងទៀត" ៕ប្រភព៖ Reuters Connect






