ទីតាំងល្បែងឆ្នោតវៀតណាម ស៊ីសងខុសច្បាប់កំពុងតែរីកដុះដាលដូចផ្សិត នៅក្នុងខណ្ឌដូនពេញ បែរជាបងៗសមត្ថកិច្ច ដែលគ្រប់គ្រងក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់សម្ងំស្ងៀម ដូចចោរលួចសេះ នេះហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។
ជាក់ស្តែង នៅចំណុចផ្ទះដែលមានយីហោ ទ្រូម៉ានី ផ្ទះលេខ ៥ ផ្លូវលេខ ៩០សង្កាត់.ស្រះចក ខណ្ឌដូនពេញ រាជធានី.ភ្នំពេញ មានល្បែងស៊ីសង់កត់ឆ្នោតយួន ដ៏ធំ កំពុងតែបើកដំណើរការ ដោយចំហរ និងមិនមានការភិតភ័យ ពីកម្លាំងសមត្ថកិច្ចបន្តិចសោះឡើយ នេះហាក់ដូចជាខ្លាំងដៃសម្បើមណាស់។មហាជនជាច្រើន បានសម្តែងការ ងឿងឆ្ងល់ យ៉ាងខ្លាំង ចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសង ខុសច្បាប់ខាងលើ បានបើកលេង ដោយចំហរ បែរជាគ្មានការបង្ក្រាប ទប់ស្កាត់ ពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន។ពាក់ព័ន្ធទៅនឹង អាជីវកម្ម ល្មើសច្បាប់ខាងលើនេះ មហាជនជាច្រើនរង់ចាំមើលលោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ ហ៊ានបង្ក្រាបទប់ស្កាត់ដែលឬយ៉ាងណា។
ចំណែកឯលោកទៀល ចាន់សា អធិការខណ្ឌដូនពេញ មិនដឹងថាលោកមានវិធានការទប់ស្កាត់បែបណានោះទេ បើបទល្មើសរីករាលដាលដូចផ្សិតបែបនេះ និងបើកលេងដោយ គគ្រឹកគគ្រេង ចេញចូលយ៉ាងសស្រាក់សស្រាំ ហើយមានពេលខ្លះ កន្លែងខ្លះ លេងល្បែងភ្នាល់ចាញ់ គ្មានលុយសង រហូតឈានដល់ទាញដំបងដេញវ៉ៃគ្នាផ្អើលភូមិក៏មាន។
ប្រជាពលរដ្ឋជាច្រើន ទាំងក្នុងនិងក្រៅមូលដ្ឋាន លើដៃសំពះសុំអំពាវនាវស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចេញបទបញ្ជាដល់មន្ត្រីថ្នាក់ក្រោម ឲ្យចុះបង្ក្រាបទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន៕
ក្រុមការងារសារព័ត៌មានព្រុំសុជា ហតញ៉ូស៍រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕


