ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហាររូបករណ៍រដ្ឋាភិបាលនូវេសេឡង់
អាហាររូបករណ៍រដ្ឋាភិបាលនូវេសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ មុនចេញដំណើរទៅសិក្សា។ ជំនួបនេះបានធ្វើឡើងនៅសាលព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន។
នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការណែនាំល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតយកទៅសិក្សាស្វែងយល់ និងជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងកាន់តែច្បាស់អំពីប្រទេសកម្ពុជាថែមទៀត។
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ និស្សិតកម្ពុជាចំនួន៣២រូប ដែលក្នុងនោះមានស្ត្រី១៦រូប មកពីក្រសួង-ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល បានទទួលអាហាររូបករណ៍រដ្ឋាភិបាលនូវែលសេឡង់។ ក្នុងនោះ មាននិស្សិតថ្នាក់អនុបណ្ឌិត ចំនួន២៨រូប និងបណ្ឌិតចំនួន៤រូប ដែលនឹងសិក្សាលើមុខជំនាញផ្សេងៗគ្នា រួមមាន៖ ការប្រែប្រួលអាកាសធាតុ កសិកម្ម និងសន្តិសុខស្បៀង ការគ្រប់គ្រងគ្រោះមហន្តរាយ ថាមពលកកើតឡើងវិញ អភិបាលកិច្ច និងការអប់រំជាដើម។ តួលេខ និងភាពចម្រុះនៃមុខវិជ្ជាសិក្សានេះ ឆ្លុះបញ្ចាំងពីសក្តានុពល និងការវិវត្តសមត្ថភាព ពីកម្រិតធនធានមនុស្ស ទៅមូលធនមនុស្សពេញលេញ និងសមប្រកប៕








