ក្រដាសខ្ចប់ភ្លើងមិនជិតទេ ទីបំផុតមន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ មិនមានច្បាប់នោះទេ គឺលួចប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជាច្រើនព្រោងព្រាតអំពីមន្ទីរពហុព្យាបាល សម្ភព ដែលបានបើកជាច្រើនសាខានៅរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ដែលមានឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ពេលនេះត្រូវបានដឹងការពិតហើយ។យោងតាមប្រភពព័ត៌មានពីម្ចាស់មន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបកស្រាយបញ្ជាក់ប្រាប់សារព័ត៌មានយើងថា «មន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានយីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» និងមន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល មិនមានការពាក់ព័ន្ធជាមួយ និងមន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ នោះទេ»។
បើតាមការបំភ្លឺពីម្ចាស់មន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ច្បាស់ៗថា៖ មន្ទីរពេទ្យរបស់ខ្លួនមានតែមួយកន្លែងគត់ស្ថិតនៅខណ្ឌឬស្សីកែវ និងមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ។ ចំណែកឯមន្ទីរពេទ្យផ្សេងទៀតដែលមានឈ្មោះ សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ ដែលបានយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ យកទៅប្រើប្រាស់គឺជាអំពើល្មើសច្បាប់។
សូមបញ្ជាក់៖ មន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលមានយីហោ «មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ» គឺជារបស់លោក សុខ សុវណ្ណ ដែលមានតួនាទីជា ចាងហ្វាងសារព័ត៌មាន UMA TV Online ដោយបុគ្គលរូបនេះបានឃុបឃិតគ្នាជាមួយកូនចៅរបស់ខ្លួនឈ្មោះ ហ៊ត សំអឿន តួនាទីនិពន្ធនាយក UMA TV Online បានរួមគំនិតលួចបើកមន្ទីរពេទ្យដោយខុសច្បាប់ និងបានលួចប្រើប្រាស់ឈ្មោះ វេជ្ជបណ្ឌិត កែវ ការីណូ ដើម្បីបំភ័ន្តភ្នែកមហាជន និងថ្នាក់ដឹកនាំ។
មួយទៀតមន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» គឺជារបស់ កែវ ពិសិដ្ឋ គឺជាកូនបង្កើតរបស់វេជ្ជបណ្ឌិត កែវ ការីណូ ដោយបុគ្គលឈ្មោះ កែវ ពិសិដ្ឋ រូបនេះ គឺជាមេក្លោងដ៏ធំដែលបានផ្តើមគំនិតគ្នា ឈ្មោះ សុខ សុវណ្ណ លួចបើកមន្ទីរពេទ្យដោយខុសច្បាប់ និងបានប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឪពុកយកទៅប្រើប្រាស់ខុសច្បាប់ជាសាធារណៈ ដោយគ្មានខ្លាច ញញើតគុកច្រវាក់បន្តិចសោះឡើយ។
ជុំវិញករណីនេះមហាជននិងអ្នកសារព័ត៌មានជាច្រើនកំពុងតែសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលបណ្តោយឲ្យជនខិលខូចជាច្រើនរួមគំនិតគ្នាយកឈ្មោះទៅប្រើប្រាស់ដោយសេរីនិងមិនមានការដឹងឮបន្តិចសោះ (ពោលគឺ) ក្រុមខិលខូចទាំងនោះបានយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ទៅបើកអាជីវកម្មជាសាធារណៈ ដោយវេជ្ជបណ្ឌិត កែវ ការីណូ រូបនេះមិនដឹងអ្វីទាល់តែសោះ រហូតដល់បែកធ្លាយតាមសារព័ត៌មានទើបឆ្លើយថាអត់ដឹង! (នេះសបញ្ជាក់ឱ្យឃើញថា សក់អ្នកណា ក្បាលអ្នកហ្នឹង ទោះជាសាច់ឈាមបង្កើតរបស់ខ្លួនក៏ក្រវាត់ចោលសិនដែរ)។
បញ្ហាខាងលើនេះមហាជន និងអ្នកសារព័ត៌មានជាច្រើន បាន ដាក់ការសង្ស័យថា ប្រហែលជាមន្ទីរព្យាបាលខុសច្បាប់ សម្ភព សុវណ្ណ រិទ្ធីសក្ដិ ដែលមានលោក កែវ ពិសិដ្ឋ ជាអ្នកបើកទំនងជាលក់ថ្នាំពេទ្យមិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ពោលគឺលក់ថ្នាំពេទ្យគេចពន្ធ និងជាថ្នាំពេទ្យដែលគ្មានគុណភាព។
មហាជនជាច្រើននិងអ្នកសារព័ត៌មានសុំសំណូមពរដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលមានឯកឧត្តមអភិបាលរាជធានី/ខេត្ត ស្នងការនគរបាលរាជធានី/ខេត្ត ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាជួយចាត់វិធានការចំពោះបក្សពួកខិលខូចទាំងអស់ នោះផងទាន៕










