សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន គាំទ្រក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលជួយវះកាត់ជូនអ្នកជំងឺឆែបមាត់ និងក្រអូមមាត់ឆែប នៅខេត្តស្វាយរៀង ដោយឥតគិតថ្លៃចេញផ្សាយ ថ្ងៃទី AKP ស្វាយរៀង ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អមដំណើរដោយអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវព្រមទាំង និងមន្ត្រីរាជការខេត្ត បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា នៅមន្ទីរពេទ្យខេត្តស្វាយរៀង កាលពីរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា ដែលកន្លងមកតែងតែជួយដល់កុមារ និងមនុស្សចាស់ ក្នុងការវះកាត់ដោយឥតគិតថ្លែជូនអ្នកជំងឺឆែបមាត់ និងក្រអូមមាត់ឆែបនៅទួទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកគឺការព្យាបាលនៅក្នុងខេត្តស្វាយរៀងនេះ។
សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូន ដែលជាក្រុមគ្រួពេទ្យស្ម័គ្រចិត្ត បានរួមគ្នា ក្នុងការបំពេញនូវការងារ មនុស្សធម៌ និងពិតជាបានចូលរួមចំណែកនូវការសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោយបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា បានសហការជាមួយមន្ទីរពេទ្យខេត្តស្វាយរៀង ដោយបានផ្តល់ការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដែលមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ៕







